ភ្នំពេញ ៖ ក្នុងជំនួបពិសារអាហារសាមគ្គីរវាងសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យកំណត់អាយុ ត្រឹមអាយុ ៧៤ឆ្នាំចុះប៉ុណ្ណោះ ទើបអាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភាបាន។

បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន, សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជន បន្តវេនរបស់យើងដឹកនាំបន្ត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយក្រោយកទៀតសម្តេច នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហាតទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ