ថៃ៖ឧត្តមសេនីយទោ Chokchai Ngamwong ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក បាននិយាយថា ប៉ូលីសមិនទាន់មានព័ត៌មានផ្លូវការអំពីកាលបរិច្ឆេទពិតប្រាកដថា លោក ថាក់ស៊ីននឹងត្រលប់មកវិញ ឬព្រលានយន្តហោះណាដែលលោកនឹងទៅដល់នោះទេ។

លោក ឆុកឆៃ បាននិយាយថា ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោងធ្វើការ លោកនឹងត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគាត់មកដល់ក្រៅពីម៉ោងធ្វើការ លោកនឹងត្រូវនាំខ្លួន ទៅកាន់មន្ទីរឃុំឃាំងពិសេស នៅការិយាល័យប្រឆាំងគ្រឿងញៀន តាមបណ្តោយផ្លូវ វិហាវ៉ាឌី រ៉ងស៊ីត និងបញ្ជូនទៅតុលាការនៅពេលក្រោយ។ ប៉ុនែ្តបើសិនចាំបាច់ គាត់នឹងត្រូវបញ្ជូនទៅពន្ធនាគារបាងកក។

ការលើកឡើងនេះក្រោយ លោកស្រី Paetongtarn កូនស្រី របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃបាននិយាយនៅលើ Facebook ថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិដនមឿង នៅថ្ងៃទី ១០ ខែសីហា ។នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ឧត្តមសេនីយ Montri Pancharoen ដែលទទួលបន្ទុកត្រួតពិនិត្យ មន្ត្រីអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន សុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិ ដនមឿង បាននិយាយថា ប៉ូលីសអន្តោប្រវេសន៍ មិនដឹងពីកាលបរិច្ឆេទ ជាក់លាក់ណាមួយ ដែលលោក ថាក់ស៊ីននឹងមកដល់នោះទេ។

លោក មន្រ្តី បាននិយាយថា វាមិនទាន់ត្រូវបានបញ្ជាក់ថាតើលោក ថាក់ស៊ីន នឹងទៅដល់ព្រលានយន្តហោះសុវណ្ណភូមិ ឬដនមឿង ទេ ដូច្នេះមិនមានការត្រៀមលក្ខណៈច្បាស់លាស់នៅព្រលានយន្តហោះទាំងពីរឡើយ។យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការិយាល័យរបស់លោកបានរៀបចំផែនការរួចហើយ ជាមួយប៉ូលិសក្រុងថា តើត្រូវធ្វើយ៉ាងណា នៅពេលលោក ថាក់ស៊ីន មកដល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ