កូរ៉េខាងជើង៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធទី១៦ខែសីហាថា ទាហានអាមេរិក ដែលរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែមុន គឺជាចេតនាដើម្បីស្វែងរកការជ្រកកោនពី ការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។

តាមការចុះផ្សាយរបស់ KCNA, ក្នុងអំឡុងពេលស៊ើបអង្កេត Travis King បានសារភាពថា គាត់សម្រេចចិត្តមកកូរ៉េខាងជើង ព្រោះគាត់មានអារម្មណ៏មិនល្អដោយសារការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពអាមេរិក។ គាត់ក៏បង្ហាញពីឆន្ទៈ ក្នុងការស្វែងរកសិទ្ធជ្រកកោននៅកូរ៉េខាងជើង ឬប្រទេសទីបីផងដែរ ព្រោះគាត់ខកចិត្ត ចំពោះសង្គមអាមេរិកដែលមិនមានសិទ្ធស្មើភាពគ្នា”។

យោងតាមទីភ្នាក់ងារនេះ, King នៅតែត្រូវបានគេស៊ើបអង្កេត ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពប្រជាជនកូរ៉េ។ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានប្រាប់រ៉យទ័រថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ការអត្ថាធិប្បាយរបស់ King ដូចដែលបានចុះផ្សាយដោយ KCNA នោះទេ ហើយនៅតែផ្តោតលើការនាំគាត់វិលត្រលប់មកវិញដោយសុវត្ថិភាព។

សូមបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ផ្លូវការលើកដំបូងពីទីក្រុងព្យុងយ៉ាងចំពោះទាហានអាមេរិកដែលបានឆ្លងកាត់ពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែកក្កដា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ