យ៉ាងហោចណាស់មនុស្ស៥២ នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងអគ្គីភ័យនៅក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥២នាក់ស្លាប់ និងជាង ៤០នាក់ត្រូវរងរបួសបន្ទាប់ពីមានអគ្គីភ័យមួយកើតឡើងនៅអគារ នាទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។នេះបើតាមការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបុគ្គលិកសង្គ្រោះបន្ទាន់រាយការណ៍ដល់សារព័ត៌មានAljazeera នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យសេវាគ្រប់គ្រងគ្រោះអាសន្នក្នុងទីក្រុង Johannesburg លោក Robert Mulaudzi បាននិយាយថា អគ្គិភ័យបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានឆាបឆេះអគារមួយកន្លែងនៅកណ្តាលទីក្រុងតែម្តង វាយជាទីតាំងធ្វើពាណិជ្ជកម្មដ៏មមាញឹកមួយក្នុងក្រុងមួយនេះ ហើយចំនួនអ្នកស្លាប់អាចនឹងកំពុងបន្តកើនឡើង ក្នុងនោះសាកសពចំនួន ៥២នាក់ឥឡូវនេះបានរកឃើញហើយនៅទីតាំង នោះផ្ទាល់តែម្តង។
អ្នកនាំពាក្យសេវាគ្រប់គ្រងគ្រោះអាសន្នក្នុងទីក្រុង Johannesburg បានលើកឡើងក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា«ចុងក្រោយគេបានរកឃើញសាកសពចំនួន៥២ នាក់ ហើយអ្នករងរបួសចំនួន៤៣ នាក់ ក្នុងនក្រុមការងារបានបន្តជាមួយនឹងការស្វែងរក និងការសង្គ្រោះបន្ថែមទៀត។
សូមបញ្ជាក់ថា មកដល់ពេលនេះ មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយទេ នេះបើយោងតាមគេហទំព័រព័ត៌មានអនឡាញ News24 របស់អាហ្វ្រិកខាងត្បូង៕