សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រើបញ្ញាសិប្បនិម្មិតស្ទើរតែគ្រប់ទីកន្លែង ក្នុងការស្វែងរកព័ត៌មាន ប៉ុន្ដែក៏នាំមកនូវបញ្ហាមួយចំនួនដែរ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន, បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។
នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន, យើងមានភាពចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និង ត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាដែល កំពុងលេចឡើងថ្មី ដែលអាចមានឥទ្ធិពលកែប្រែពិភពលោក។
សម្ដេចធិបតី គូសបញ្ជាក់ថា «ជាការពិតយើងអាចមើលឃើញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងជីវិតរបស់យើង ដើរជា កិច្ចការ សាមញ្ញៗ ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម។ ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន, បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា៖ បញ្ហាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពស្មើគ្នា, កង្វល់អំពីឯកជនភាពនៃទិន្នន័យ និង តម្រូវការ នៃការបណ្ដុះបណ្តាលជំនាញឡើងវិញ»។
សម្ដេចធិបតី បន្ដថា ជាការពិតមនុស្សជាតិ កំពុងឈានជើងចូលទៅក្នុងពិភពមួយ ដែលមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយ ត្រូវបោះជំហានទៅមុខ ប្រកបដោយការប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនេះ សម្តេច គូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលសម្តេចគិតថា អាចជួយតម្រង់ទិស នៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និង បញ្ញាសិប្បនិម្មិត និយាយដោយឡែក។
សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា សម្តេច សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល» ។ យើងពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាព នៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះ ក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និង ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើ ដល់មនុស្សជាតិ៕EB