ភ្នំពេញ  ៖  នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោត  គាំទ្រគណបក្សនយោបាយនីមួយៗ។ 

យោងតាមសេចក្ដីប្រកាសព័ត៌ មានរបស់  គ.ជ.ប នាថ្ងៃទី២៩  កក្កដា  នេះថា  ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួល បន្ទុកចំនួន ៥ មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្តងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ។ ដំណើរការនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ កក្កដា នេះ។ 

គ.ជ.ប  គូសបញ្ជាក់ថា  "ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ"។ 

គ.ជ.ប  បន្ដថា  បន្ទាប់ពីបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងដាក់ជូនថ្នាក់ដឹកនាំ  គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត  ស្របតាមប្រតិទិន  នៃការបោះឆ្នោត។ 

សូមបញ្ជាក់ថា  ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ