ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។

ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងព្រោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍ពីកំណើននៃជំងឺទឹកនោមផ្អែម មានការកើនឡើងយ៉ាងខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

បើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្តេចធ្លាប់បានឃើញផ្ទាល់ថា ជារៀងរាល់ថ្ងៃ មានក្មេងម្នាក់ទទួលទានភេសជ្ជៈផ្អែមដល់ទៅ ៣កំប៉ុងឯណោះ ក្នុងមួយថ្ងៃៗ។ សម្តេច ក៏ធ្លាប់ឃើញអ្នកបើកទូកនៅតំបន់ទេសចរណកំពុងភ្លុក ទទួលទានភេសជ្ជៈផ្អែម ដល់ទៅ ៦កំប៉ុង ក្នុងមួយថ្ងៃៗ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចនេះ ខ្ញុំសុំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំពិនិត្យមើល ធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជា ការណែនាំដល់ការលក់ចំណីអាហារ នៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ជាង ៤០ជាង ហើយសួរខាងបច្ចេកទេសថ្ងៃមុន ឯកឧត្តម ឈាង រ៉ា (រដ្ឋមន្ត្រីក្រសួងសុខាភិបាល) ក៏បានលើកអំពីកំណើន ព្រោះការកើត [ជំងឺទឹកនោមផ្អែម] មិនមែនទាន់តែគ្រប់អាយុហូបចុកបានទេ ជួនកាលតាំងពីក្មេង ព្រោះខ្ញុំឃើញក្មេងខ្លះខ្ញុំឃើញ លេងប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុងទៅហើយ ម្តាយអាណិតកូន កូនចូលចិត្តផ្អែម ដាក់ឲ្យ ៣កំប៉ុងពីក្មេង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ