ភ្នំពេញ៖ លោក  ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បី គាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់ អាវុធនៅព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ។

សូមរំលឹកថា ក្រោយសង្រ្គាម៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវរងការខូចខាតជាដំណំ ដោយសារការទម្លាក់គ្រាប់បែកពីលើយន្ដហោះចម្បាំងនិងបាញ់ផ្លោង ពីសំណាក់ភាគីថៃ ចូលជ្រៅមកកាន់ទឹកដីកម្ពុជា។

ក្នុងជំនួបទ្វេភាគីក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅថ្ងៃទី៣០សីហា ឆ្នាំ២០២៥ លោកស៊ី ជីនពីងបានបញ្ជាក់ថា យន្តការ សង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស។

លោកប្រធានាធិបតីចិន បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទី ដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគាំទ្រឥតងាកររបស់ប្រទេសចិនដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់ បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន(AOT)ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញ នូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាក របស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ