ទីបំផុត អ្នកស្រី Aung San Suu Kyi បង្ហាញខ្លួនជាលើកដំបូងក្នុងតុលាការមីយ៉ាន់ម៉ាចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាមក
(ភូមា)៖អ្នកស្រី Aung San Suu Kyi បានបង្ហាញខ្លួនជាលើកដំបូងក្នុងតុលាការក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញចាប់តាំងពីអ្នកស្រីត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។នេះបើយោងតាមសារព័ត៌មានVOA។
ក្រុមមេធាវីរបស់អ្នកស្រី បានប្រាប់អ្នកកាសែតក្នុងរដ្ឋធានីណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ាថាពួកគេត្រូវបានអនុញ្ញាតឲ្យចូលជួបជាមួយអ្នកស្រីរយៈពេលចំនួន៣០នាទីដើម្បីពិភាក្សាពីបណ្តឹងចោទប្រកាន់មុនពេលសវនាការចាប់ផ្តើម។ ក្រុមមេធាវីរបស់អ្នកស្រីនិយាយថា អ្នកស្រី Aung San Suu Kyi មានសុខភាពល្អនិងសូមជូនពរដល់ពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ឲ្យមានសុខភាពល្អផងដែរ។
អ្នកស្រីក៏បានផ្ញើសារមួយទៅកាន់គណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រីដោយនិយាយថា «ទោះបីជាមានការមិនពេញចិត្តគ្នាក្នុងចំណោមមនុស្សមួយចំនួនក៏គណបក្សមួយនេះនឹងនៅតែបន្តវត្តមានរបស់ខ្លួនដរាបណាមានប្រជាពលរដ្ឋគាំទ្រ»។
ក្រុមមេធាវីក៏បានជួបក្នុងរយៈពេលខ្លីផងដែរជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលត្រូវរបបយោធាទម្លាក់ចេញពីអំណាចនោះ។
អ្នកស្រី Suu Kyi ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារមក។ អ្នកស្រីកំពុងប្រឈមពីបទព្រហ្មទណ្ឌជាច្រើនហើយដែលក្នុងនោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតនោះគឺការទទួលសំណូកខុសច្បាប់ចំនួន៦សែនដុល្លារ។ អ្នកស្រីក៏ទទួលរងការចោទប្រកាន់ពីបទមានវិទ្យុទាក់ទងដែលគ្មានអាជ្ញាបណ្ណប្រើប្រាស់ការបំពានទៅលើការការរឹតបន្តឹងជំងឺកូវីដ១៩ ការរំលោភទៅលើច្បាប់ទូរគមនាគមន៍និងការញុះញង់ឲ្យមានភាពច្របូកច្របល់ជាសាធារណៈជាដើម៕