កាលពីថ្ងៃទី១៤កុម្ភៈ ក្រសួងការបរទេសអាេមរិកបានចេញលិខិតជូនដំណឹងទៅ បុគ្គលិករដ្ឋាភិបាលប្រចាំការនៅភូមាទាំងអស់ដែលមិនសំខាន់ចាំបាច់ ព្រមទាំងក្រុមគ្រួសារផង គឺអាចត្រលប់ទៅសហរដ្ឋអាមេរិកវិញបាន ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ក៏ប៉ុន្តែដោយយោងលើស្ថានការណ៍កាន់តែចលាចល ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេសមេរិក បានចេញបញ្ជា នៅថ្ងៃអង្គារទី៣០មីនា ឲ្យបុគ្គលិកដែលមិនសំខាន់ចាំបាច់ទាំងអស់ ត្រូវតែចាកចេញពីប្រទេសភូមាជាបន្ទាន់។

ស្ថានភាពនៅភូមាកាន់តែដុនដាបខ្លាំង បន្ទាប់ពីកងទ័ពភូមា បានបាញ់គ្រាប់កាំភ្លើង និងគ្រាប់រ៉ូកែត សម្លាប់បាតុករឥតត្រាប្រណី។ គិតត្រឹមពេលនេះ មានមនុស្សប្រមាណ៥២០នាក់បានស្លាប់។ ក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនក្រុម បានគំរាមថា នឹងកាន់អាវុធ ចូលរួមជាមួយប្រជាជនភូមា ដើម្បីផ្តួលរំលំរបបសិក ដែលបញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្ភ អំពីការផ្ទុះសង្រ្គាមស៊ីវីល។ កាលពីសប្តាហ៍មុន កងទ័ពភូមា បានទំលាក់គ្រាប់បែកទៅលើភូមិជនជាតិភាគតិចការ៉េន នៅភាគខាងកើតភូមា។ មនុស្សប្រមាណ៣០០០នាក់បានព្យាយាមរត់ភៀសខ្លួន ទៅកាន់ប្រទេសថៃ ដើម្បីគេចចេញពីការទំលាក់គ្រាប់បែក តែត្រូវបានបានអាជ្ញាធរព្រំដែនថៃរុញច្រានមកវិញ។

ដោយឡែក កាលពីថ្ងៃអង្គារទី៣០មីនា លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងនៅចំពោះមុខសភាជប៉ុនថា រដ្ឋាភិបាលជប៉ុននិងផ្អាក លែងផ្តល់ជំនួយទៅកាន់ប្រទេសភូមា។ លោកជឿថានេះ គឺជាមធ្យោបាយមួយ ដើម្បីអូសទាញឲ្យរបបសិកភូមា បញ្ឈប់ការសម្លាប់បាតុករ ហើយងាកមកចរចារ ស្តារលទ្ធិប្រជាធិបតេយ្យ។ យោងតាមបណ្តាញព័ត៌មានជប៉ុន គឺការសម្រេចនេះ ទាក់ទិនតែលើគំរោងជំនួយថ្មីៗតែប៉ុណ្ណោះ ពោលគឺមិនប៉ះពាល់ដល់គម្រោងជំនួយដែលកំពុងអនុវត្តនៅភូមាទេ។

សូមបញ្ជាក់ដែរថា នៅថ្ងៃពុធទី៣១មីនានេះ ប្រទេសទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នាបន្ទាន់ ដោយមានការស្នើសុំពីអង់គ្លេស ដើម្បីរកដំណោះស្រាយលើបញ្ហាភូមានេះ។ លោកTom Andrews អ្នករាយការណ៍នៃអង្គការសហប្រជាជាតិប្រចាំនៅភូមា បានលើកឡើង នៅលើTwitterថា ត្រូវតែរកវិធីបិទមធ្យោបាយហិរញ្ញវត្ថុរបស់របបសិកភូមា ហើយត្រូវចោទប្រកាន់ក្រុមមេទ័ពភូមាទាំងនេះ នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។

តែយ៉ាងណាក៏ដោយ គេគ្មានសង្ឃឹមថាក្រុមប្រឹក្សាសន្តិសុខនឹងអាចនិយាយគ្នាក្នុងសម្លេងតែមួយនោះទេ ព្រោះថា ចិននិងរុស្ស៊ី បានបដិសេធ មិនថ្កោលទោស ហើយក៏មិនចាត់វិធានការទណ្ឌកម្មលើកងទ័ពភូមាដែរ។ ផ្ទុយទៅវិញ ចិននិងរុស្ស៊ីបានលើកឡើងថា គេមានបំណងពង្រឹងចំណងសហប្រតិបត្តិការជាមួយរបបសិកភូមា ថែមទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ