នៅទីបំផុត លោកមីនអុងឡាំងក្លាយជា ប្រធានាធិបតីស្ដីទីភូមា ហើយក្រោយប្រមុខរដ្ឋស្ដីទីចាស់ធ្លាក់ខ្លួនឈឺប្រព័ន្ធខួរក្បាលធ្វើការលែងកើត
ភូមា ៖ លោកមីនអុងឡាំង ប្រមុខដឹកនាំរបបយោធាភូមានឹងក្លាយជាប្រធានាធិបតីបន្ទាប់ពីប្រមុខរដ្ឋស្ដីទី លោក (Myint Swe ធ្លាក់ខ្លួនឈឺទាំងប្រព័ន្ធខួរក្បាល និងសរីរៈរាងកាយដល់ថ្នាក់ធ្វើការលែងកើតតទៅទៀត។ ថ្មីៗនេះ ខុទ្ទកាល័យរបស់លោកម្យីនស្វេបានធ្វើលិខិតជាលាយលក្ខណ៍អក្សរដើម្បីផ្ទេរភារកិច្ច និងតួនាទីគ្រប់យ៉ាងជូនទៅលោកមីនអុងឡាំង។ ចំណែកលោកម្យីនស្វេសូមឈប់សម្រាកដើម្បីព្យាបាលជំងឺ។
សេចក្ដីប្រកាសផ្ទេរតំណែងនេះត្រូវបានផ្សព្វផ្សាយនៅលើទូរទស្សន៍របស់រដ្ឋភូមា អឹមអ័រធីវី (MRTV) ដែលនិយាយថា «លិខិតនោះបានផ្ដល់សិទ្ធិអំណាចពេញលេញជូនទៅលោកមីនអុងឡាំងដើម្បីទទួលតំណែងជាប្រធានាធិបតីស្ដីទីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកិច្ចការពារជាតិ និងសន្តិសុខជាតិនៅពេលលោកម្យីនស្វេកំពុងអវត្តមានពីការងារដើម្បីព្យាបាលជំងឺ»។
ការប្រកាសផ្ទេរតំណែងនេះកើតឡើង១សប្ដាហ៍មុនពេលផុតសុពលភាពនៃការប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្នដូចដែលប្រទេសនេះធ្លាប់ធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២១មក។ លោកម្យីនស្វេសព្វថ្ងៃនេះមានអាយុ៧៣ឆ្នាំ។ លោកមានបញ្ហាធ្ងន់ធ្ងរផ្នែកប្រព័ន្ធសរសៃប្រសាទ និងសរីរៈរាងកាយ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋភូមា៕