ចំនួនអ្នកស្លាប់កើនដល់១០០២នាក់ និងរបួស២៣៧៦នាក់ ក្នុងគ្រោះរញ្ជួយដីវាយប្រហារប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ៖ ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១០០២នាក់ហើយ ព្រមទាំងរបួស២៣៧៦នាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN។
ក្រៅពីឆក់យកជីវិតមនុស្ស គ្រោះមហន្តរាយនេះបានបំផ្លិចបំផ្លាញអគារ ស្ពានប្រវត្តិសាស្រ្តAva និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃផងដែរ។
នេះគឺជាការរញ្ជួយដីដ៏ធំបំផុតដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាងមួយសតវត្សនេះ។ មីយ៉ាន់ម៉ាបានប្រកាសភាពអាសន្ននៅទូទាំងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតចំនួន៦បន្ទាប់ពីការរញ្ជួយដី។ ទីកន្លែងដែលរងការបំផ្លិចបំផ្លាញភាគច្រើនគឺនៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ។
យោងតាមអ្នកជំនាញភូមិសាស្ត្រអាមេរិកបានឱ្យដឹងថា ការរញ្ជួយមានកម្លាំងមហិមា អាចបំផ្លាញអគារជាច្រើននៅទូទាំងទីក្រុងបាងកក ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលមីយ៉ាន់ម៉ា។ មានសេចក្តីរាយការណ៍ថាគ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស១០នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីរងឥទ្ធិពលពីប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាអាចលើសពី ១០,០០០នាក់។ មេដឹកនាំរបបយោធាលោក Min Aung Hlaing បានអះអាងថាអាចនឹងមានអ្នកស្លាប់ និងរបួសកាន់តែច្រើន។ លោកក៏បានចេញសេចក្តីអំពាវនាវដ៏កម្រមួយដើម្បីសុំជំនួយពីអន្តរជាតិ ដោយសារតែភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ។ កន្លងមកទោះបីជាមានគ្រោះមហន្តរាយធម្មជាតិធំៗ របបយោធានេះតែងបដិសេធមិនទទួលជំនួយបរទេសឡើយ៕