អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ១,២០០ នាក់ដែលរួមមានក្រុមអ្នកឡើងភ្នំបោះតង់ ត្រូវបានបង្ខំឱ្យជម្លៀសចេញ បន្ទាប់ពីមានភ្លើងឆេះព្រៃដ៏ធំដំបូងគេប្រចាំឆ្នាំនៅរដ្ឋ Los Angeles រីករាលដាលលើផ្ទៃដីប្រមាណ៦០គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ ខែ មិថុនានេះ។

យោងតាមប្រធានផ្នែកនៃនាយកដ្ឋានពន្លត់អគ្គិភ័យឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការក្នុងស្ថានភាពដ៏លំបាក និងផ្លូវចោតដើម្បីពន្លត់ភ្លើងដែលឆាបឆេះ ខណៈដែលខ្យល់បក់ខ្លាំងនិងខ្យល់កន្ត្រាក់បានបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមពន្លត់តាមយន្តហោះ ក្នុងការទម្លាក់ទឹកពន្លត់ភ្លើង។

ភ្លើងនេះត្រូវបានគេឲ្យឈ្មោះថា Post Fire ដែលបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សហើយមានត្រឹមតែ ២ភាគរយប៉ុណ្ណោះដែលបានរលត់កាលពីល្ងាចថ្ងៃអាទិត្យ។ ទោះបីជាយ៉ាងណាគ្មានអ្នករងរបួសណាម្នាក់ត្រូវបានរាយការណ៍នោះទេ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទន្ទឹមនឹងនេះ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ក៏មានភ្លើងឆេះព្រៃតូចមួយបានឆាបឆេះកាលពីថ្ងៃអាទិត្យបានជំរុញឱ្យមានការបញ្ជាជម្លៀស និងការព្រមានប្រជាជនដែលនៅតំបន់ជុំវិញនោះ។ ទោះបីជាគ្មានផ្ទះណាមួយត្រូវបានគំរាមកំហែងប៉ុន្តែក្រុមមន្ត្រីបានព្រមានអ្នកស្រុកក្បែរនោះដែលមនុស្សប្រហែល ១៩,០០០ត្រៀមជម្លៀសចេញ ប្រសិនបើភ្លើងឆេះកាន់តែខ្លាំងទៅភាគខាងត្បូង។

គួរបញ្ជាក់ថា រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានទទួលរងនូវភ្លើងឆេះព្រៃជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញជារឿយៗ។ ខណៈកាលពីឆ្នាំ២០២០ PacifiCorp ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីនៅភាគខាងលិចសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៧៨ លានដុល្លារដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅរដ្ឋ Oregon ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ