អ៊ីរ៉ង៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះថា មេដឹកនាំកំពូលរបស់ខ្លួនលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមចលនាតស៊ូប៉ាឡេស្ទីន បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ក្រុមជនក្បត់ Zionist បានលួចវាយឆ្មក់លំនៅដ្ឋានរបស់លោក ( Ismail Haniyeh) នៅក្នុងរដ្ឋធានី Tehran។ លោកបានទៅអ៊ីរ៉ង់ ដើម្បីចូលរួមនៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសាធាណរដ្ឋអ៊ីស្លាម លោក Masoud Pezeshkian»។
លោក Amihai Eliyahu រដ្ឋមន្ត្រីបេតិកភណ្ឌអ៊ីស្រាអែល បាននិយាយថា៖ «ការស្លាប់របស់ Haniyeh នឹងធ្វើឲ្យពិភពលោកប្រសើរឡើង»។
កើតនៅក្នុងថ្ងៃទី២៩ខែមករាឆ្នាំ១៩៦២នៅក្នុងជុំរុំភៀសខ្លួន Al-Shati តំបន់ហ្គាហ្សាស្ទ្រីប លោក Ismail Haniyeh ត្រូវបានជ្រើសតាំងជាប្រមុខដឹកនាំក្រុមហាម៉ាសនៅក្នុងឆ្នាំ២០១៧។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ក្នុងឆ្នាំ២០០៦។
ក្នុងនោះក្រោយក្រុមហាម៉ាសបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ តែត្រូវបានដកតំណែងវិញនៅឆ្នាំបន្ទាប់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងបក្ស Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas។
លោក Haniyeh បានជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនៅអ៊ីស្រាអែលក្នុងឆ្នាំ១៩៨៩ ហើយត្រូវនិរទេសខ្លួនក្នុងឆ្នាំ១៩៩២ទៅតំបន់ដែលគ្មានអ្នកគ្រប់គ្រងនៅរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល។ លោកបានបន្តទៅរស់នៅក្នុងប្រទេសកាតា ក្រោយចាកចេញពីតំបន់ហ្គាហ្សានៅក្នុងឆ្នាំ២០១៧ ៕