អ៊ីស្រាអែល៖ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និង១០០នាក់ទៀតរងរបួស ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយ ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រុមហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ បានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយ UNRWA នៅក្នុងជំរំជនភៀសខ្លួន Jabalia។ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអត្ថាធិប្បាយណាមួយ ពីកងទ័ពអ៊ីស្រាអែលនៅឡើយទេ។ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោង មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១៤៨៥៤នាក់ រួមទាំងកុមារ៦១៥០នាក់ និងស្ត្រីជាង៤០០០នាក់ផងដែរ។ដោយឡែក ចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែល មានប្រហែល១២០០នាក់៕