កូរ៉េខាងជើង ៖ នៅថ្ងៃនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលនេះជា ការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានCNNនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញនៅម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត។ «ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដមីស៊ីលបន្ថែមទៀត យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងជើងការ ហើយចែករំលែកព័ត៌មានជាមួយ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

ក្នុងនោះ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះវិញ កើតមានឡើងក្រោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ