ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ Document Management System (DMS) ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជំរុញលំហូរការងារផ្ទៃក្នុងរបស់ក្រសួងឱ្យកាន់តែឆាប់រហ័ស ពង្រឹងយន្តការស្ថាប័ន និងការផ្ដល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។
តាមរយៈសេចក្ដីណែនាំស្ដីពី នីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថល ចេញផ្សាយ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS (Document Management System) ជំនាន់ទី១ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។
ប្រព័ន្ធ DMS ជំនាន់ទី១ ដែលមានភាពបត់បែន អាចកែសម្រួលជាបន្តបន្ទាប់ ក្រោយពីដាក់ឱ្យប្រើប្រាស់ស្របទៅតាមស្ថានភាពខុសគ្នា និងការប្រែប្រួលនៃបរិបទលំហូរឯកសាររដ្ឋបាលក្នុង អង្គភាព៕