សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរបង្ក្រាបក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដោយចាប់ម៉ូតូរក្សាទុករយៈពេល ៣ ឬ ៦ខែ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដោយចាប់ម៉ូតូរក្សាទុករយៈពេល ៣ ឬ ៦ខែ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។
តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការបង្ក្រាបក្រុមដាវស៊ាំម៉ារ៉ៃ ដែលបង្កហានិភ័យដល់ខ្លួន និងសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម បានល្អ ទោះបីជា នៅមានក្រុមនេះបន្ដក៏ដោយ ប៉ុន្ដែមានការថមថយ ហើយត្រូវអនុវត្ត ឱ្យបានជាប់ជាប្រចាំ ដើម្បីថែរក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋ។
សម្ដេច មានប្រសាសន៍ថា «ពេលជាមួយគ្នានេះ បទល្មើសក្រុមក្មេងមួយប្រភេទទៀត គឺការបង្ហោះម៉ូតូជាសាធារណៈ គឺនៅមានកើតឡើងនៅឡើយ កន្លងទៅសមត្ថកិច្ចរបស់យើង នៅតាមបណ្ដារាជធានី-ខេត្ត បានអនុវត្តនូវវិធានការរដ្ឋបាលជាច្រើន។ ប៉ុន្ដែប្រសិទ្ធភាពនៅមានកម្រិត ដើម្បីបង្កើតប្រសិទ្ធភាពក្នុងការអនុវត្តទៅលើការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅតាមទីសាធារណៈ ខ្ញុំ សូមឱ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចរបស់យើង បង្កើននូវិធានការ តាមរយៈការដាក់ចេញវិធានការរដ្ឋបាល ក្នុងការឃាត់ម៉ូតូរយៈពេល ៣ខែ ចំពោះការប្រព្រឹត្តិបទល្មើសលើកទី១ និង ៦ខែ បើសិនជាមិនរៀងចា បើប្រព្រឹត្តិបទល្មើសជាលើកទី២»។
សម្ដេច ក៏បានណែនាំដល់សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិម៉ូតូដែលដកហូត ឲ្យបានល្អ ហើយធ្វើលិខិត និងការធានា និងប្រគល់ម៉ូតូនេះត្រឡប់ទៅឲ្យសមីខ្លួន និងក្រុមគ្រួសារវិញ នៅពេលវិន័យរដ្ឋបាលនេះ ត្រូវបានបញ្ចប់។ សម្ដេច សង្ឃឹមថា ការដាក់ចេញនូវវិធានការថ្មីនេះ នឹងចូលរួមក្នុងការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅតាមមូលដ្ឋាន ព្រោះថា «បើអស់ម៉ូតូ គឺមិនអាចបង្ហោះបានទេ»។
សម្ដេច បន្ថែមថា ការកាត់បន្ថយ នូវការបង្ហោះម៉ូតូបែបនេះ ក៏នឹង ចូលរួម ក្នុងការចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយនូវហានិភ័យ ដែលអាចនាំឲ្យមានការគ្រោះថ្នាក់ដោយសារការបង្ហោះម៉ូតូនេះ ទៅដល់អ្នកដ៏ទៃ និងទៅដល់អ្នកបង្ហោះម៉ូតូខ្លួនឯង ព្រោះថា កន្លងទៅ មានអ្នកបង្ហោះម៉ូតូ ទៅបុកអ្នកផ្សេងរហូតដល់បាត់បង់ជីវិត។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏សុំការយោគយល់ ពីសំណាក មាតា បិតា នៅពេលដែលវិធានការនេះអនុវត្តចំពោះ កូនចៅរបស់ខ្លួន ដែលបានបង្ហោះម៉ូតូ ដោយសមត្ថកិច្ចរក្សាទុកម៉ូតូ រយៈពេល ៣ ឬខែ៦ ។មាតា បិតា ក៏ត្រូវណែនាំ ឬអប់រំ កូនរបស់ខ្លួន កុំឲ្យបង្ហោះម៉ូតូ៕EB