ភ្នំពេញ៖ ថ្លែងនៅមុនបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតយកឱកាសនេះ ដើម្បីចូលរួមអបអរសារទរ ជាមួយប្រទេសបារាំង ក៏ដូចជាក្រុមបាល់ទាត់បារាំង ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតពាន់រង្វាន់សហគមន៍អ៊ឺរ៉ុបឆ្នាំ២០២៤នេះ ។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានឱ្យដឹងថា សម្តេចក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ និងបានជូនពរឱ្យប្រទេសបារាំង ជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅក្លាយជាជើងឯក នៃពាន់រង្វាន់បាល់ទាត់ Euro2024 ផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា "ខ្ញុំសង្ឃឹមថា ប្រទេសបារាំង នឹងក្លាយជាជើងឯកជាថ្មីម្តងទៀត សូមជូនពរ" ។
សូមបញ្ជាក់ថា ការប្រកួតពាន់រង្វាន់បាល់ទាត់សហគមន៍អ៊ឺរ៉ុប (Euro2024) បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះ នៅសល់៤ប្រទេស និងជួបគ្នាដើម្បីដណ្តើមកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ សម្រាប់៤ប្រទេសដែលត្រូវជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រួមមាន៖ ប្រទេសបារាំងនឹងជួបជាមួយប្រទេសអេស្ប៉ាញ នាយប់រំលងអាធ្រាត្យ ថ្ងៃទី៩ឈានចូលថ្ងៃទី១០ កក្កដា វេលាម៉ោង២យប់(ម៉ោងក្នុងស្រុក) និង២ប្រទេសទៀត គឺប្រទេសហូឡង់ និងជួបជាមួយប្រទេសអង់គ្លេស ដែលត្រូវប្រកួត នៅយប់រំលងអាធ្រាត្យថ្ងៃទី១០ ឈានចូលទី១១ កក្កដាឆ្នាំ២០២៤ វេលាម៉ោង២យប់ (ម៉ងក្នុងស្រុក) ៕EB