ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១២។
ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ីមផក ដែលបានរកឃើញសរុបមាន ចំនួន ១២ករណី។
ក្រសួងសុខាភិបាល ក៏សូមជម្រាបថា និន្នាការនៃការចម្លងជំងឺអ៊ឹមផក នៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។
យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាព ពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអ៊ឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក។ ដោយសង្កេតឃើញករណីជំងឺអ៊ឹមផក ត្រូវបានរកឃើញជាបន្តបន្ទាប់នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល នឹងជូនបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺអ៊ឹមផក រៀងរាល់សប្ដាហ៍ ឬតាមស្ថានភាពតម្រូវ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ប្រុង ប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាង ម៉ឹងម៉ាត់។
សូមបញ្ជាក់ថា វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អ៊ឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអ៊ឹមផក៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ