សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រុមហ៊ុនសេវាអ៊ឺនធឺណែត តំឡើងសេវាតាមបុរី ក្រោយសេវាទូរស័ព្ទតាមបុរីមានភាពលំបាក
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់ក្រុមហ៊ុនសេវាអ៊ឺនធឺណែត ត្រូវតំឡើងសេវាតាមបុរី ហើយម្ចាសបុរីទាំងឡាយ ត្រូវបម្រើអ្នករស់នៅទីនោះ ឲ្យគេមានសេវាទូរស័ព្ទ និងអ៊ីនធឺណេតឲ្យបានល្អ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប្រកាសបញ្ចប់ភាពផ្ដាច់មុខ របស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាជាមួយ បុរី។ សម្ដេច ថា នាពេលកន្លងមក សម្ដេច ទាក់ទងមន្ដ្រី ដើម្បីធ្វើការងារតាមអនឡាញ មានភាពលំបាកដោយមានសេវាខ្សោយ។
សម្ដេចតេជោ បន្ដថា រដ្ឋាភិបាល លើកចិត្តដល់មានការប្រកួតប្រជែង មិនមែនលើកទឹកចិត្តផ្ដាច់មុខ សេវាអ៊ីធឺណែត នោះទេ ។ សម្ដេច ថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាតាមរយៈអនឡាយ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ ថា រដ្ឋាភិបាល អត់មានទទួលស្គាល់កុងត្រារបស់អ្នកឯងទេ រដ្ឋាភិបាល ត្រូវការនូវការប្រកួតប្រជែង នូវសេវាទាក់ទង ដូច្នេះ ត្រូវដំណើរការអានឹងឲ្យស្រូច ក្រុមហ៊ុននានា ត្រូវតំឡើងតាមបុរីហ្នឹង។ អត់មាន រដ្ឋាភិបាល លុបចោល ព្រោះនេះជាកិច្ចសន្យាខុសឆ្គងមួយ ស្ដីពីការប្រកួតប្រជែង ដោយសុចរិត»។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់ម្ចាស់បុរីទាំងអស់ ត្រូវតែបម្រើដល់អ្នករស់នៅក្នុងបុរីឲ្យមានសេវាធ្វើការ។ សម្ដេច ថា មានថវិការាប់ម៉ឺនដុល្លារ ទៅផ្ទះក្នុងបុរី បែបជាគ្មានសេវា ទូរស័ព្ទ ពិបាកធ្វើការ៕