Pakistan៖ ប៉ូលីសបាននិយាយថា ការផ្ទុះចំនួនពីរ នៅក្នុងឃ្លាំងអាវុធប្រឆាំងភេរវកម្មនៅឯភាគពាយព្យប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងរងរបួសជាង ៥០ នាក់ កាលពីថ្ងៃចន្ទ។
មេប៉ូលីសខេត្ត លោក Akhtar Hayat បាននិយាយថា ការបំផ្ទុះបានធ្វើអោយរញ្ជួយការិយាល័យប្រឆាំងភេរវកម្មនៅជ្រលងភ្នំ Swat ភាគពាយ័ព្យ ដែលពីមុនត្រូវបានគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធឥស្លាមជាយូរមកហើយ មុនពេលពួកគេត្រូវបានបំផ្លាញនៅក្នុងប្រតិបត្តិការយោធាក្នុងឆ្នាំ ២០០៩ ។ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលក្រោយថា គ្រាប់រំសេវបានឆេះ "ភាគច្រើនប្រហែលជាដោយសារការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការវាយប្រហារពីខាងក្រៅត្រូវបានបង្កើតឡើងនោះទេ" ។ អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ទិដ្ឋភាពផ្សេងទៀតនៃការផ្ទុះក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។
លោក Akhtar Hayat បាននិយាយបញ្ជាក់ទៀតថា ភាគច្រើននៃអ្នកស្លាប់នៅក្នុងការបំផ្ទុះនោះ គឺជាមន្ត្រីប៉ូលិសប្រឆាំងភេរវកម្ម ដោយបន្ថែមថា ស្ត្រីម្នាក់ និងកូនរបស់នាង ដែលដើរកាត់អគារនោះ ក៏ត្រូវបានសម្លាប់ផងដែរ។ ចំណែកឯរដ្ឋបាលមន្ទីរពេទ្យមួយបាននិយាយថា ខ្លួនបានទទួលអ្នករបួសជាច្រើននាក់ដើម្បីព្យាបាល ដោយខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួររំលឹកថា ប៉ូលីសនិងយោធាប៉ាគីស្ថាន តែងផ្តោតសំខាន់លើបុគ្គលិកប្រឆាំងភេរវកម្មរបស់ពួកគេនៅក្នុងជ្រលងភ្នំ ដែលអាចងាយនឹងកើតមានការបះបោរ។ NR