តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅខែកញ្ញាខាងមុខ បន្ទាប់កាន់អំណាចបានរយៈពេល៣ឆ្នាំតាំងពីឆ្នាំ២០២១។ ការលាលែងនេះ ត្រូវគេដឹងថាដោយសាររឿងអាស្រូវនយោបាយ និងបញ្ហាសេដ្ឋកិច្ចនៃការធ្លាក់ចុះលុយយ៉េនយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានNHK នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤។
លោក Kishida បានប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍« លោកនឹងមិនឈរឈ្មោះជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយលោកក៏នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ ខណៈគណបក្ស LDP គ្រោងរៀបចំការបោះឆ្នោតបក្សជ្រើសតាំងប្រធានថ្មីនាខែកញ្ញាខាងមុខ។
សូមបញ្ជាក់ថា គណបក្ស LDP ជាបក្សកាន់អំណាចស្ទើរតែគ្រប់អាណត្តិនៅជប៉ុន គិតចាប់តាំងពីការបង្កើតបក្សតាំងឆ្នាំ១៩៥៥មកម៉្លេះ។ លោក Kishida បាននិយាយថា៖ «ខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានជានាយករដ្ឋមន្ត្រីរហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំនៅក្នុងខែកញ្ញា»។
ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងគណបក្ស LDP ទាក់ទិននឹងការកឹបកេងលុយដែលរៃអង្គាសបានរបស់បក្ស ហើយឈានដល់ការចាប់ខ្លួនមន្ត្រីជាប់ពាក់ព័ន្ធប៉ុន្មាននាក់ កាលពីខែមករាកន្លងទៅ៕