ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងអាចជម្នះផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច បង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះ មិនទាន់រលាយសាបសូន្យពីផែនដីក៏ដោយ។

នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាង ២ឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ កម្ពុជា ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

សម្ដេចតេជោ បន្ដថា ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ កម្ពុជា អាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឲ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឲ្យកម្ពុជា  អាចដំណើរការបើកប្រទេសឡើងវិញលើគ្រប់វិស័យបាន។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថា នឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ប៉ុន្តែដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេស អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ