ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ត្រូវការពារឱ្យបានដាចខាត់នូវសុវត្ថិភាព ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។

នាឱកាសអញ្ជើញស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា រៀបចំធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ សម្ដេច បន្ដថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវត្តសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជា ចូលជាសមាជិកសមាគម នៃបណ្ដាប្រទេសអាស៊ីប៉ែកអាគ្នេយ៍។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាចខាត់នូវសុវត្ថិភាព សម្រាប់ការប្រកួតទាំងមូល ដូចជា៖ ការពារកីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យផងដែរ»។


លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចេញ-ចូល ច្រើន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេច បន្ថែមថា គោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត មកកាន់កម្ពុជា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានធ្វើរបាយការណ៍សង្ខេប ស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ថា ត្រូវធានាដាច់ខាតសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ។

នាយឧត្តមសេនីយ៍ បានបន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៥,៧០០នាក់ ស្មើនឹង ១៥អង្គភាព។ ដោយកងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផងដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ៨៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ