សម្ដេច ស ខេង ៖ តាមការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ បន្ទាប់ពីមានការថមថយដោយវិបត្តិជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមការណ៍ព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ បន្ទាប់ពីមានការថមថយដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយក្នុងឆ្នាំ២០២៣ ក៏ត្រូវបានព្យាករណ៍ថា នឹងបន្ដមានកំណើនឡើងវិញថែមទៀតផងដែរ។
នាឱកាសអនុញ្ញាតឱ្យលោក ហ្វូមីអាគី តាកាហាស៊ី (Takhashi Fumiaki) ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ហៅកាត់ថា (JCA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជា ក៏ដូចជាសកលលោកទាំងមូលដែរ គឺបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលរួមមានឥទ្ធិពលរបស់សកលលោក និងបញ្ហាជាជំងឺកូវីដ-១៩ផងដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «ដំណើរវិវត្តន៍ នៃស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលមកដល់ពេលនេះតាមការណ៍ព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ បន្ទាប់ពីមានការថមថយដោយសារតែវិបត្តិជំងឺកូវីដ-១៩ ហើយក្នុងឆ្នាំ២០២៣ ក៏ត្រូវបានព្យាករណ៍ ក៏នឹងរំពឹងទុកថា នឹងបន្ដមានកំណើនឡើងវិញថែមទៀតផងដែរ។ ជាមួយគ្នានោះ GDP សម្រាប់ប្រជាពលរដ្ឋនីមួយៗក៏ ត្រូវបានរំពឹងថា មានកំណើនកើនឡើងផងដែរ»។
សម្រាប់ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺមានភារកិច្ចសំខាន់ៗចំនួន២ រួមមាន៖ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា និងការរៀបចំការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម បានជម្រាបជូនប្រតិភូបន្ថែមថា កិច្ចការងារសំខាន់ពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ គឺបន្ដខិតខំធ្វើយ៉ាងណាថែរក្សាសន្ដិសុខ សណ្ដាធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ហើយកិច្ចការងារនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់នឹងខិតខំប្ដេជ្ញា ធ្វើយ៉ាងណាឱ្យដំណើរការនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះប្រព្រឹត្តទៅដោយជោគជ័យ ជាពិសេសទៀតនោះ គឺពាក់ព័ន្ធទៅនឹងការបោះឆ្នោត ធ្វើយ៉ាងណាធានាបាននូវបរិយាកាស សន្តិសុខល្អប្រសើរ បម្រើដល់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
នាឱកាសនោះដែរ លោក ហ្វូមីអាគី តាកាហាស៊ី ក៏បានផ្តល់ឱកាសឱ្យវិនិយោគិននីមួយៗ បានបង្ហាញចំណាប់អាម្មណ៍ ព្រមទាំងចក្ខុវិស័យរបស់ខ្លួនក្នុងការវិនិយោគនៅកម្ពុជា ព្រមទាំងសំណូមពរផ្សេងៗជូនចំពោះ សម្តេចក្រឡាហោម ស ស ខេង នៅក្នុងដំណើរការនៃការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាពិសេសគឺការទាក់ទាញដល់សហគ្រាសធនតូច និងធនមធ្យមរបស់ជប៉ុន ដើម្បីធ្វើវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើង៕EB