ឥណ្ឌូនេស៊ី៖ លោក ចូកូ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គម Instagram ថា វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោមដំណាក់កាលទី១ នៃរដ្ឋធានីថ្មីឈ្មោះ  នូសានតារ៉ា (Nusantara) បានសម្រេចបាន ៨០ ភាគរយហើយ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានCNNនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសកាលពីថ្ងៃពុធថា លោកគ្រោងនឹងចាប់ផ្ដើមធ្វើការងារពីរដ្ឋធានីថ្មីចាប់ពីខែក្រោយទៅ ចំពេលមានការព្រួយបារម្ភពីអនាគតរបស់ទីក្រុងដែលមិនទាន់ប្រសិទ្ធិនាមជាផ្លូវការនេះ ក្រោយប្រធានស្ថាប័នត្រួតពិនិត្យការអភិវឌ្ឍន៍ក្រុងបានលាលែងចេញពីតំណែង។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី មានគម្រោងផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនចេញពីក្រុងហ្សាការតា ដែលមានមនុស្សរស់នៅយ៉ាងច្រើនកកកុញ និងកំពុងប្រឈមហានិភ័យនៃការលិចទឹកសមុទ្រ ទៅកាន់ទីក្រុងថ្មីដែលមានឈ្មោះថា នូសានតារ៉ា ដែលត្រូវចំណាយលុយសាងសង់ ៣២ ប៊ីលានដុល្លារក្នុងព្រៃនៃខេត្ត គីលីម៉ាន់តាន់ខាងកើត លើកោះបរនេអូ បច្ចុប្បន្ន ទីក្រុងហ្សាការតានឹងនៅតែជារដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ី រហូតទាល់តែប្រធានាធិបតីចេញក្រឹត្យមួយ ដាក់ឈ្មោះក្រុងនូសានតារ៉ា  ទៅជារដ្ឋធានីថ្មីជាផ្លូវការ ដែលរំពឹងថានឹងកើតឡើងនៅឆ្នាំនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ