ភ្នំពេញ៖ ជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជា បានបង្កឱ្យមានការលិចលង់ដល់ខេត្តចំនួន៨ រួមមានខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តកោះកុង កំពត កែប កំពង់ស្ពឺ ព្រះសីហនុ រតនគិរី ។ មកដល់ពេលនេះមានពលរដ្ឋជាច្រើន បានរងផលប៉ះពាល់នឹងត្រូវបាន អាជ្ញាធរជម្លៀស មកទីទួលសុវត្ថិភាព ក្នុងនោះ អាជ្ញាធរមូលដ្ឋានក៏កំពុងតែពង្រាយកម្លាំងចុះអន្តរាគមន៍ជាបន្តបន្ទាប់ផងដែរ។
ជំនន់ទឹកភ្លៀង រួមនឹងខ្យល់កន្ត្រាក់ បានបំផ្លិចបំផ្លាញ ផ្ទះប្រជាពលរដ្ឋ បំផ្លាញផលដំណាំ និងសត្វចិញ្ចឹមផងដែរ ជាក់ស្តែង សម្រាប់នៅខេត្តកោះកុង ខ្យល់កន្ត្រាក់បក់បោករលំផ្ទះមួយខ្នង ត្រូវបានខ្យល់កន្ត្រាក់បក់បោក រលំសង្កត់បណ្តាលឲ្យស្លាប់ប្តី ប្រពន្ធរងរបួសធ្ងន់បាក់ដៃ ចំណែកកូន៣នាក់រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
ដោយឡែក នៅខេត្តកំពត យុវវ័យមួយក្រុម មានគ្នាសរុបចំនួន៤៣នាក់ ចូលបោះតង់លេងកម្សាន្ត តាមមាត់ជ្រោះឱម៉ាល់ ភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូរ ខេត្តកំពត កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ទឹកហក់ជន់ឡើងយ៉ាងគំហុក បណ្តាលឱ្យហូរគួចតង់នារី២នាក់ និងបន្តបាត់ខ្លួន ខណៈអាជ្ញាធរបានសង្គ្រោះមនុស្ស៤១នាក់ដោយសុវត្ថិភាព។
អាជ្ញាធរបានឲ្យដឹងថា រដ្ឋបាលខេត្តកំពតបានចេញសេចក្តីប្រកាស ពាក់ព័ន្ធទៅនឹងស្ថានភាពទឹកភ្លៀង ជន់ហក់ឡើងនៅក្នុងអាងផ្នែកខាងលើ និងបើកទ្វារទឹក កំចាយ ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ប្រុងប្រយ័ត្ន ។
គួរបញ្ជាក់ថាកាលពីពេលកន្លងទៅ ក្រសួងធនធានទឹកក៏បាន ផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។
ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់៕