ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងដាក់ចេញនូវ សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកា ស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់តែមាប្រសិទ្ធភាពខ្ពស់។

សម្ដេចតេជោ បន្ដថា ពិតណាស់ថា យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន។ នៅក្នុងបរិបទនេះ បានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយ លោកប្រធានាធិបតី ស៊ី ជីនពីង បាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និង ការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០។

សម្ដេចតេជោ បន្ថែមថា ជាការពិតណាស់នៅក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាច ខ្វះបាន តាមរយៈ ការដាក់ចេញនូវសកម្មភាពអនុវត្តន៍ជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយតម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និង សកល ការជំរុញការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ច បៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញនូវ សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ខ្ញុំជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើម នានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ