សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំកម្មវិធី«ពានរង្វាន់អប់រំពេញមួយជីវិតប្រចាំសកលវិទ្យាល័យភូមិន្ទភ្នំពេញលើកទី២ »
ភ្នំពេញ- ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំការប្រកួតប្រជែងផ្នែកសំណេរ ពានរង្វាន់អប់រំពេញមួយជីវិត លើកទី២ ឆ្នាំ២០២៣ ។ ការប្រកួតប្រជែងផ្នែកសំណេរនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតីការងារក្រុម បង្កើនការយល់ដឹងរបស់បេក្ខជនទាក់ទងនឹងប្រធានបទ ព្រមទាំងយល់ដឹងពីសារប្រយោជន៍នៃការអភិវឌ្ឍបំណិនជីវិត និងអាជីព និងលើកកម្ពស់ការប្រកួតប្រជែងផ្នែកសរសេរ។
សម្រាប់លក្ខខណ្ឌចូលរួម សិស្សានុសិស្សកំពុងសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២២ -២០២៣ សិស្សានុសិស្សត្រូវរសេរជាក្រុមដែលមានសមាជិក៣នាក់ ក្នុងមួយក្រុម ហើយស្នាដៃនេះមិនត្រូវបានបោះពុម្ភ និងមិនធ្លាប់ប្រកួតប្រជែងកន្លងមក។សម្រាប់ខ្លឹមសារ បេក្ខជនត្រូវបកស្រាយស្របតាមប្រធានបទ “ការសិក្សាពេញមួយជីវិតបានដើរតួយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជម្រុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ក្នុងនោះការសរសេរត្រូវគោរពតាមលំនាំ “តែងសេចក្តីបែបពន្យល់” និងផ្តោតលើហេតុនិងផល ព្រមទាំងបង្ហាញពីសេចក្តីសង្ឃឹម របស់ក្រុមផ្ទាល់ទៅលើអនាគតខ្លួនឯង សង្គម និងប្រទេសជាតិ។ លើសពីនេះ ការបរិយាយត្រូវគោរពតាមលំនាំនៃគោលការណ៍តែងសេចក្តី និងមានការពន្យល់លើពាក្យគន្លឹះពេញលេញ និងច្បាស់លាស់ ដោយមានអំណះអំណាងត្រឹមត្រូវ។
សូមបញ្ជាក់ដែរ សម្រាប់ក្រុមជ័យលាភីទាំង៥ ត្រូវបានឆ្លងកាត់ការណែនាំ និងតម្រង់ទិសពីសំណាក់គ្រូបង្វឹក និងការកសាងសមត្ថភាពបន្ថែម និងការសម្ភាសន៍ពីអ្នកជំនាញ និងជំរុះជាដំណាក់ៗ ៕