ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច តែងតែរំលឹកជនបរទេសចំនួនថា កុំធ្វើកំហុសទី ៣ លើកម្ពុជា ដែលកន្លងមកមានជនបរទេសមួយចំនួន បានសាងកំហុសលើកម្ពុជាចំនួន ២រួចមកហើយ។

 ការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន តែងតែនិយាយរំលឹកជាមួយជនបរទេសមួយចំនួន ដែលចូលចិត្តប្រដៅកម្ពុជាថា ពួកអ្នកឯងកុំធ្វើកំហុសទី ៣ លើកម្ពុជា។ កំហុសទី ១ ដែលជនបរទេសមួយចំនួន បានធ្វើមកលើកម្ពុជា គឺពួកគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែពួកគេបានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសង្រ្គាម។


សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែមិនគួរសោះ អ្នកឯងគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ អញ្ចឹងមានន័យថា ម៉េច? គឺប្រជាធិបតេយ្យ នៅនឹងមាត់អ្នកឯង ចង់អ្នកឯងថា ម៉េច គឺជារឿងរបស់អ្នកឯងទៅទៀត អញ្ចឹង អានេះជាកំហុសទី ១»។

ចំពោះកំហុសទី ២ គឺជនបរទេសមួយចំនួន បានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដែលនេះមិនមែនជារឿងលេងសើចទេ។ «ដឹងថា ខ្មែរក្រហមសម្លាប់ប្រជាជនដែរ ក៏ប៉ុន្តែហេតុអីបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ អញ្ចឹងតែងតែដាស់តឿនទេថា អ្នកឯងសូមកុំធ្វើកំហុសទី ៣ សម្រាប់ប្រទេសរបស់ខ្ញុំៗ»។ នេះជាលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសមួយចំនួន បានតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែប្រជាធិបតេយ្យរបស់ពួកគេ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា និងគាំទ្រខ្មែរក្រហមដែលសម្លាប់ប្រជាជនខ្មែរទៅវិញ ហើយនិយាយថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ