សន្តិបណ្ឌិត ខៀវ សុភ័គ ផ្ញើរសារលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ
ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ, សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង មានសេចក្តី សោមនស្សរីករាយឥតឧបមា សូមគោរពអនុញ្ញាតចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការទទួល សញ្ញាបត្របណ្ឌិតកិត្តិយនេះ ។
ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្ដេចក្រឡាហោម គឺជាសក្ខីភាព និងជាការទទួលស្គាល់ នូវការរួមចំណែកយ៉ាងធំធេងរបស់សម្ដេចក្រឡាហោម ក្នុងការអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធដ៏ច្រើនលើសលប់ ដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ ច្បាប់ សេវាសាធារណៈ ជំនួយមនុស្សធម៌ សាសនា និងការដឹកនាំប្រកបដោយសីលធម៌ និងសិទ្ធិសេរីភាព។
បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទនេះ គឺជាការបង្ហាញនូវការដឹងគុណចំពោះគំនិត គុណតម្លៃ និងស្នាដៃរបស់សម្ដេចក្រឡាហោម លើលក្ខខណ្ឌ បីសំខាន់ៗសម្រាប់ការអភិវឌ្ឍជនបទ រួមមាន៖ ១-សន្តិភាព និងស្ថិរភាព ២-ការបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី និង៣-ការដាក់ចេញនូវគោលនយោបាយជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព និងគណនេយ្យភាព៕