ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ ហើយក៏ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមរយៈសារតេឡេក្រាមរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ វិច្ឆិកា លោក ប៉ែន បូណា បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់ បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់រាជរដ្ឋាភិបាល បន្តវេនអាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ 

បើតាម លោក អ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះ មានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះ ហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។ 

ទី២៖ ភាពអធិកអធមរយៈពេល ៣ថ្ងៃនេះ គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជាពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។ 

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។ 

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះ នឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ