អាជ្ញាធរប្រញាប់រៀបចំទីក្រុងកុងតឺន័រជាលំនៅដ្ឋាន សម្រាប់មនុស្សដែលគ្មានផ្ទះសម្បែងក្នុងគ្រោះរញ្ជួយដីនៅទួរគី
ប្រទេសស៊ីរី ៖ រដ្ឋមន្ត្រីមហាផ្ទៃ លោក Suleyman Soylu កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគី ពីការរញ្ជួយដីដ៏ធំកាលពីខែមុន បានកើនឡើងដល់ ៤៨.៤៤៨ នាក់ ខណៈដែលអាជ្ញាធរប្រញាប់ប្រញាល់រៀបចំទីក្រុងកុងតឺន័រសម្រាប់ជាលំនៅដ្ឋានសម្រាប់មនុស្សដែលគ្មានផ្ទះសម្បែងក្នុងរយៈពេលយូរអង្វែង ដោយសារតែគ្រោះមហន្តរាយមួយនេះ។
ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បើរួមបញ្ចូលទាំងអ្នកស្លាប់ក្នុងប្រទេសស៊ីរី បានកើនឡើងដល់ជាង ៥៤.០០០ នាក់ ហើយ។
លោក Suleyman Soylu បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីរួមមានជនបរទេសចំនួន ៦.៦៦០ នាក់ ដែលភាគច្រើនគឺជាជនជាតិស៊ីរី ដោយបន្ថែមថា អាជ្ញាធរនៅតែព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ១.៦១៥ នាក់ ទៀត។ការរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យមនុស្សជាង ១១៥.០០០ នាក់ បានរងរបួសនៅក្នុងប្រទេសទួរគី ហើយបានធ្វើឱ្យមនុស្សរាប់លាននាក់រស់នៅក្នុងតង់ ឬស្វែងរកការផ្លាស់ទៅរស់នៅទីក្រុងផ្សេងទៀត។
លោក Suleyman Soylu និយាយទៀតថា រដ្ឋាភិបាលគ្រោងនឹងបង្កើតកុងតឺន័រចំនួន ១១៥.៨៥៨ ទូ សម្រាប់គ្រួសារជាច្រើននៅក្នុងទីតាំងចំនួន ២៣៩ កន្លែង នៅទូទាំងតំបន់ដែលរងផលប៉ះពាល់។ លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ទីតាំងចំនួន ២៣ កន្លែង ត្រូវបានបង្កើតឡើង ហើយកុងតឺន័រចំនួន ២១.០០០ ទូ ត្រូវបានបង្កើតឡើង ដោយមានមនុស្ស ៨៥.០០០ នាក់ រស់នៅ។ លោកក៏បាននិយាយថា តង់ចំនួន ៤៣៣.៥៣៦ តង់ ត្រូវបានបង្កើតឡើងចាប់តាំងពីការរញ្ជួយដីនៅក្នុងទីតាំងចំនួន ៣៥៤ កន្លែង ដោយបន្ថែមថា អាជីវកម្មនឹងត្រូវបានផ្តល់កន្លែងជាបណ្តោះអាសន្នថ្មីក្នុងរយៈពេល ១០ថ្ងៃ ខាងមុខ។
គួររំលឹកថា អគារចំនួន ៣៦.២៥៧ ដែលបានដួលរលំនោះ កម្ទេចថ្មចំនួន ៥.៣២១ ត្រូវបានសម្អាត ខណៈដែលអគារចំនួន ៦.០០០ ក្នុងចំណោម ១៨.២១៩ ដែលគ្រោងនឹងធ្វើការកម្ទេចចោលភ្លាមៗ ត្រូវបានកម្ចេចនិងសម្អាត។ NR