តួកគីប្រកាសកាន់ទុក្ខ ៣ថ្ងៃដល់អ្នកស្លាប់ ដោយសារការវាយប្រហារលើមន្ទីរពេទ្យនៅហ្កាហ្សា
អង់ការ៉ា៖ មន្រ្តីតួកគីមួយរូបនិយាយថា ប្រទេសតួកគីនឹងប្រកាសកាន់ទុក្ខបីថ្ងៃ ដល់ជនរងគ្រោះបាត់បង់ជីវិត នៅក្នុងការវាយប្រហារដ៏សាហាវលើមន្ទីរមួយនៅតំបន់ហ្កាហ្សា ដែលបណ្តាលអោយមានមនុស្សស្លាប់ និងរបួសរាប់រយនាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៩ តុលា ២០២៣។
ប្រទេសតួកគីនឹងប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃដល់ជនរងគ្រោះបាត់បង់ជីវិតនៅហ្កាហ្សា ដោយសារការវាយប្រហារលើមន្ទីរពេទ្យមួយកន្លែង។ ការកាន់ទុក្ខថ្នាក់ជាតិនេះ នឹងត្រូវប្រកាសក្រោមក្រឹត្យរបស់ប្រធានាធិបតី។
ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ ដែលជាអ្នកគាំទ្រដ៏ក្លៀវក្លានៃបុព្វហេតុប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថា បានវាយលុកមន្ទីរពេទ្យដែលផ្តល់ជម្រកដល់ស្ត្រី កុមារ និងជនស៊ីវិលស្លូតត្រង់ ហើយបានជំរុញពិភពលោកឱ្យបញ្ឈប់សោកនាដកម្មនៅហ្កាហ្សា។
ទោះបីជាយ៉ាងណា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការវាយប្រហារដ៏ឃោរឃៅនេះ។
ទន្ទឹមគ្នា អ៊ីស្រាអែលបានប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសតួកគី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពេលមានការភ័យខ្លាចនៃការវាយប្រហារសងសឹក៕