ឯកឧត្តមបណ្ឌិត ស សុខា ទទួលបន្ទុកជួយនាយករដ្ឋមន្ដ្រី លើការងារកែទម្រង់វិមជ្ឈការ, ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួញដូរមនុស្ស និងកិច្ចការងារមួយចំនួនទៀត
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលបន្ទុកជួយនាយករដ្ឋមន្ដ្រី លើកិច្ចការងារមហាផ្ទៃ ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ប្រយុទ្ធប្រឆាំងគ្រឿង, ជួញដូរមនុស្ស, បង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទ ព្រមទាំងកិច្ចការងារមួយចំនួនទៀតផងដែរ។
យោងតាមសេចក្ដីម្រេច ស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានឲ្យដឹងថា កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូន នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅ របស់រដ្ឋ ដូចមានចែងក្នុងប្រការបន្តបន្ទាប់ខាងក្រោម។
លើសពីនេះ នាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ហារាល់សកម្មភាព របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយ ព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល និងការដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋាន អង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងសេចក្ដីសម្រេច បានគូសបញ្ជាក់ថា «ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ មហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការបំផ្លាញចោលអាវុធ និងជាសេនាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន»។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស សុខា ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងជា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕EB