ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន កាលពីកន្លងទៅ សម្ដេចបានចរចាជំរុញឲ្យមានជើងហោះហើរត្រង់ ពីតំបន់ទេសចរណ៍ក្នុងតំបន់អាស៊ាន មកកាន់កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១៥០លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ។ សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរមានសម្ថកិច្ច ធ្វើយ៉ាងណាឲ្យសុវត្ថិភាព សន្តិសុខនៅក្នុងតំបន់ជុំវិញព្រលានយន្តហោះខេត្តសៀមរាបថ្មីនេះ ក៏ដូចជានៅក្នុងខេត្ត ឲ្យដំណើរការទៅបានល្អធានា នូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចរនៅក្នុងខេត្ត ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា «ជំរុញការភ្ជាប់ជើងហោះហើរត្រង់បន្ថែម ក្រសួងទេសចរណ៍កំពុងធ្វើការខិតខំ ក្នុងតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ។ នៅក្នុងជំនួបរបស់ខ្ញុំជាមួយថ្នាក់ដឹកនាំអាស៊ាន យើងបានចរចាគ្នា ក្នុងការភ្ជាប់រវាងតំបន់ទេសចេណ៍ ពីបណ្ដាប្រទេសមួយចំនួន ក្នុងអាស៊ាន ពីវៀតណាម ពីឡាវ ពីហ្វីលីពីន ពីស៊ែប៊ូ ពីថៃ ពីភូកេត ពីដាណាងនៅវៀតណាម ខិតខំធ្វើយ៉ាងណាបង្កើនការហោះហើរត្រង់មកទីនេះ (ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ) ហើយសង្ឃឹមថា ឆ្នាំ២០២៤ យើងអាចឈានទៅដល់ការជំរុញ ទេសចរឲ្យមកតាមច្រកនៅទីនេះ»។

ជាមួយគ្នានោះដែរសម្ដេចធិបតី លើកឡើងថា កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទ ស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ សម្ដេចថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺក្រសួងការបរទេស និងក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការងារនេះជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ទេសចរ ក៏ដូចជាពលរដ្ឋថៃ ដែលមកខេត្តសៀមរាប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ