ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា គ្មានជម្លោះសាសនា ខណៈប្រទេសជាច្រើន មិនអាចធានាបាន នូវសុខដុមរមនាកម្មសាសនា ហើយប្រទេសខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ជិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «សិទ្ធិសេរីភាព និងការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរិតត្បិតការរគោរពជំនឿសាសនានោះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានធានាការពារនៅក្រោមលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿឬសាសនាដទៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានបង្ករលក្ខណៈល្អដល់ពលរដ្ឋ ហើយបានកោតសរសើរចំពោះពលរដ្ឋគ្រប់រូបដែលចូលរួមជាមួយរាជរដ្ឋាភិបាលទោះបីការគោរពសាសនាខុសគ្នាក៏ដោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ