អាមេរិក ៖ លោកស្រី Jill Biden ជំទាវទី១របស់សហរដ្ឋអាមេរិក បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងស្វាមីគឺលោក ចូ បៃដិន ដែលធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន ត្រូវធ្វើដំណើ​រទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

 

លោកស្រី Jill Biden មានអាយុ ៧២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកាលពីខែសីហា ឆ្នាំ២០២២ លោកស្រីក៏ធ្លាប់បានឆ្លងកូវីដ១៩ផងដែរ។ ចំណែក លោក ចូ បៃ​ដិន អាយុ៨០ឆ្នាំ បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ លើកចុងក្រោយបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។

 

គួរបញ្ជាក់ថា កាលវិភាគផ្លូវការរបស់លោក បៃដិន ដែល ត្រូវបានចេញផ្សាយមួយរយៈពេលខ្លី បន្ទាប់ពីការប្រកាសពីឆ្លងកូវីដ១៩ របស់ជំទាវទី១ បានបង្ហាញថាលោក បៃដិន នឹងធ្វើដំណើរទៅកាន់ ទីក្រុងញូវដេលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ លោក បៃដិន ក៏មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ