កូរ៉េខាងជើង៖ បើផ្អែកតាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋកូរ៉េខាងជើងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងមានការប៉ុនប៉ងជាលើកទី២បន្ថែមទៀត ដើម្បីបញ្ជូនផ្កាយរណបចារកម្មចូលទៅក្នុងគន្លងគោចរតារាវិថី ប៉ុន្តែត្រូវបានបរាជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
បន្ទាប់ពីមានបញ្ហាជើងទម្ររ៉ុក្កែតអំឡុងពេលនៃការបាញ់បង្ហោះក្នុងគ្រាទី៣ ស្របពេលដែលអាជ្ញាធរអវកាសរបស់រដ្ឋបានសន្យាថា ខ្លួននឹងប្រឹងប្រែងសាកល្បងបាញ់បង្ហោះម្តងទៀតនៅក្នុងខែតុលាខាងមុខ។កាលពីខែឧសភា កន្លងទៅមានការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកដំបូង ប៉ុន្តែកាលណោះបានបរាជ័យដែរ ដោយភ្ជាប់នឹងតួរ៉ុក្កែតប្រភេទថ្មីឈ្មោះឆូលីម៉ា១(Chollima-1) បានធ្លាក់ចូលក្នុងសមុទ្រភាគខាងកើតប្រទេស។
មុនពេលអរុណោទ័យ នៃការរះឡើងរបស់ព្រះទិនករ ប្រទេសកូរ៉េខាងជើងបានព្យាយាមដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មម្តងទៀតចូលទៅកាន់គន្លងតារាវិថី ប៉ុន្តែបានបរាជ័យជាលើកទី៣នៅថ្ងៃនេះ ស្របពេលដែលកងយោធាសហរដ្ឋអាម៉េរិក និងយោធាកូរ៉េខាងត្បូងផ្តើមធ្វើសហលំហាត់យោធារួមគ្នាមួយ។
មន្ត្រីសហរដ្ឋអាម៉េរិកមួយរូប ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែរថា កងយោធាសហរដ្ឋអាម៉េរិកបានដឹងអំពីការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះដែរ ប៉ុន្តែមិនបានលើកឡើងលំអិតនោះឡើយជុំវិញរឿងនេះ៕