កូរ៉េខាងជើងដាក់សម្ពោធជាផ្លូវការ នាវាមុជទឹកស៊េរីថ្មី របស់ខ្លួនដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាក់ទិក
កូរ៉េខាងជើង ៖ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងទៀតថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់សម្ពោធជាផ្លូវការ នាវាមុជទឹកស៊េរីថ្មី របស់ខ្លួនដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាក់ទិក។
ក្រោមកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ពជើងទឹកលោក គីម ក៏បានសង្កត់ធ្ងន់ដែរថានាវមុជទឹកថ្មីនេះគឺជាផ្នែកមួយនៃការជឿនលឿនទៅមុខក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកូរ៉េខាងជើង នៅពេលអនាគត។បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល នាវាមុជទឹកខាងលើមានលេខសម្គាល់ ៨៤១ គឺមានឈ្មោះ Hero Kim Kun Ok ហើយថាការផលិតបាននាវាមុជទឹកនេះដែរជាការចាប់ផ្ដើមបើកទំព័រថ្មីមួយនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមាននាវាមុជទឹកចន្លោះ ពី៦៤ ទៅ៨៦គ្រឿង ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសមានកងនាវាមុជទឹកធំៗ នៅលើពិភពលោក៕