អ៊ុយក្រែនបញ្ជូនទាហានជាង១ម៉ឺននាក់ទៅហ្វឹកហាត់នៅប្រទេសអង់គ្លេស ត្រៀមចូលរួមប្រយុទ្ធការពារទឹកដីកំណើត
អ៊ុយក្រែន៖កងយោធាអ៊ុយក្រែនរាប់រយនាក់កំពុងតែហ្វឹកហ្វឺនពីរបៀបប្រយុទ្ធ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ប្រើប្រាស់នៅក្នុងសមរភូមិ យ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញការយោធារបស់ប្រទេសសម្ព័ន្ធមិត្ត រួមមានចក្រភពអង់គ្លេស ស៊ុយអែត ដាណឺម៉ាក ហូឡង់ និងប្រទេសន័រវែស សម្រាប់ត្រៀមចូលរួមប្រយុទ្ធការពារទឹកដីកំណើតដែលកំពុងរងការឈ្លានពានពីប្រទេសរុស្ស៊ី។
ពលទាហានអ៊ុយក្រែនទាំងអស់នេះ គឺជាផ្នែកមួយនៃកងយោធាអ៊ុយក្រែនសរុបជាង ១ម៉ឺននាក់នៅក្នុងប្រទេសអង់គ្លេសដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញការយោធាចាំបាច់ផ្សេងៗ រួមទាំងរបៀបប្រើប្រាស់គ្រឿងសព្វាវុធសំខាន់ៗដែលជាជំនួយរបស់បណ្តាសម្ព័ន្ធមិត្ត។បន្ថែមពីការសិក្សារៀនសូត្រអំពីរបៀប ឬយុទ្ធវិធីប្រយុទ្ធនៅលើទីសមរភូមិ ទាហានអ៊ុយក្រែនក៏ទទួលបានការណែនាំគោលការណ៍ច្បាប់ស្តីពីការធើ្វសង្គ្រាមផងដែរ។
នាយទាហានអ៊ុយក្រែនមួយរូបស្ថិតនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញក្តីសង្ឃឹមថា ចំណេះជំនាញទាំងប៉ុន្មាន នឹងអាចរួមចំណែកក្នុងការជួយការពារប្រទេសកំណើតនាពេលអនាគត ខណៈស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដស្ថិតនៅក្នុងសភាពក្តៅគគុក និងមិនទាន់មានសញ្ញាណវិជ្ជមានណាមួយ ថានឹងអាចបញ្ចប់នៅក្នុងពេលឆាប់ៗនៅឡើយទេ ៕