ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ស្រ្តីកម្ពុជា បានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈប្រតិភូស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ២០០នាក់ ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ការជំរុញឱ្យមានសមធម៌យេនឌ័រ និងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រពិតប្រាកដ ដែលបានចាត់ទុក «ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ » បានរួមចំណែកធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។


សម្តេច ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា «ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ស្រ្តីកម្ពុជាបានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រកួតប្រជែងប្រកបដោយសក្តានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ចសេរីទាំងនៅថ្នាក់ជាតិ អន្តរជាតិ និងនៅក្នុងតំបន់ ហើយស្រ្តីក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្រ្តី និងក្រុមគ្រួសារមានភាពប្រសើរឡើងបានកាត់បន្ថយភាពងាយរងគ្រោះ និងរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ»។


សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ ដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល និងការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ដែលបានដាក់បញ្ជូលការលើកកម្ពស់សមភាពយេនឌ័រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ