សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កេតឃើញថា បុគ្គលមួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯង ជាអ្នកជំនាញ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កេតឃើញបុគ្គលមួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេះគ្រប់គោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨, ១០៨នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំឃើញអ្នកខ្លះ អង្គុយតែនៅក្នុងបន្ទប់មួយហ្នឹង ហើយអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert (អ្នកជំនាញ) ជាអ្នកជំនាញខាងគ្រប់គ្រងរដ្ឋបាល គោលនយោបាយអី ក៏គេចេះដែរ រដ្ឋាភិបាល ដាក់គោលនយោបាយស្អីចេញ ក៏អត់ល្អដែរ គេចេះ គេពូកែជាងហ្នឹងរហូត»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដោយអ្វីដែលរាជរដ្ឋាភិបាលគិតគូរ គឺមិនមែនជាអ្វីដែលសម្ដេចប្រកាសនោះទេ តែជាអ្វីដែលនឹងត្រូវបង្ហាញប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ។
សម្ដេច បន្ថែមថា «សូមឲ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលរដ្ឋាភិបាលគិតគូរ មិនមែនអ្វីដែលខ្ញុំប្រកាសទេ គឺអ្វីដែលយើងនឹងត្រូវបង្ហាញប្រជាពលរដ្ឋ ហើយក្នុង ២ឆ្នាំ ឬ ៣ឆ្នាំទៀត នឹងមានសមត្ថភាពអាចបញ្ជាក់នូវផលជាក់ស្ដែង»៕EB