កូរ៉េខាងជើង ៖ក្នុងសេចក្តីថ្លែងការណ៍មួយ នៅសន្និសីទសន្តិសុខអន្តរជាតិទីក្រុងមូស្គូ លោក Kang Sun-nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ពិភពលោក នៅសល់មួយជំហានទៀតប៉ុណ្ណោះពីជម្លោះនុយក្លេអ៊ែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានRTនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងនោះ មន្ត្រីរូបនេះ បានស្តីបន្ទោសបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ផ្លាស់ប្តូររបបក្រុងព្យុងយ៉ាង ថាជាហេតុបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ជាពិសេសការដាក់ពង្រាយយន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរ និងនាវាមុជទឹកផងដែរ។លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ចំពោះគោលនយោបាយដ៏ឃោរឃៅរបស់ខ្លួន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយត្រូវបោះបង់វិធីសាស្រ្តប្រឈមមុខរបស់ខ្លួន ប្រសិនបើពិតជាចង់ដោះស្រាយវិបត្តិដោយសន្តិវិធីមែននោះ។

លោក Kang ព្រមានថា “ឥឡូវនេះ សំណួរគឺមិនមែនថាតើសង្រ្គាមនុយក្លេអ៊ែរ នឹងផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េដែរឬអត់នោះទេ ប៉ុន្តែត្រូវសួរថាតើនរណា និងនៅពេលណាដែលវាចាប់ផ្តើម។ នៅឆ្នាំនេះ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធយុទ្ធសាស្ត្រទ្រង់ទ្រាយធំទៅកាន់តំបន់ រួមទាំងនាវាមុជទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ក្រុមនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ផងដែរ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ