ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានទុកជាមុនថា អ្នកណាក៏ដោយ ដែលយកបញ្ហាកូវីដ-១៩ ទៅជាបញ្ហាលេងសើច មកបំពុលបរិយាកាសត្រូវចាប់ខ្លួន ខណៈ សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុក (TikTok) «អ៊ូ ខុង» ក្រោយផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុក (TikTok) ឈ្មោះ «អ៊ូខុង» បានផ្សព្វផ្សាយបំពុលថា «មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង»។

សម្ដេចតេជោ ក៏អញ្ជើញអង្គការសង្គមស៊ីវិល អង្គការសិទ្ឋិមនុស្ស និងអង្គទូតនានា មកនិយាយជាមួយ សម្ដេច តើអ្នកឯងទទួលយកបានទេ? នៅព័ត៌មានបំភ័យបែបនេះ។ សម្ដេច ថា រឿងនេះ មិនមែនជារឿងលេងសើចឡើយ ហើយការភ័យខ្លាចរបស់សាធារណៈជន មិនមែនរឿងបញ្ចេញមតិនោះទេ។

សម្ដេចតេជោ បានថ្លែងថា «ខ្ញុំ សូមព្រមានទុកជាមុន អ្នកណាក៏ដោយដែលយកបញ្ហាកូវីដ-១៩ ទៅជាបញ្ហាលេងសើច បំពុលបរិយាកាស ត្រូវបានចាប់ខ្លួន។ អា អ៊ូ ខុង នេះត្រូវបានចាប់ខ្លួនហើយ»។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ខ្ញុំជានាយករដ្ឋមន្ត្រី បើខ្ញុំមិនឱ្យចាប់ ជារឿងចំឡែក ហើយខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រីហើយ ខ្ញុំត្រូវតែបង្ក្រាប នូវអំពើទាំងឡាយដែលមិនពិត ប៉ុន្តែបើសិនជាខ្ញុំ មិនបញ្ជារឲ្យចាប់ ក៏នៅតែនគរបាលគេចាប់ដែរ តុលាការគេធ្វើការដែរ»។

ទាក់ទងនឹងវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅចាក់ ដោយបច្ចុប្បន្ន កម្ពុជាមានប្រមាណ១០,៤លានដូសក្នុងស្តុក ហើយ ២០លានដូសទៀត នឹងមកដល់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ