ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ស្នងការរងទទួលដឹកនាំ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការចុះត្រួតពិនិត្យកន្លែងលក់ដូរដាវ និងកាំបិត កែច្នៃ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា បានណែនាំដល់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យការលក់ដូរដាវនិងកំបិតវែងកែច្នៃខុសច្បាប់ និងធ្វើការអប់រំណែនាំដល់អាជីវករ ម្ចាស់អាជីវកម្ម ស្របច្បាប់ ហាមមិនឱ្យលក់ កាំបិតវែង ដាវកែច្នៃឱ្យក្រុមក្មេងទំនើង យកទៅប្រើប្រាស់បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនោះទេ។


លោកបានណែនាំឱ្យម្ចាស់អាជីវកម្មចូលរួមបង្ការ ទប់ស្កាត់ បញ្ហាក្មេងទំនើងតាមរយៈការសហការផ្តល់ព័ត៌មានមុខសញ្ញាក្មេងទំនើង ខណៈដែលកងកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការចុះ អនុវត្តចាត់វិធានការយ៉ាងក្តៅគគុក បង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព គោលការណ៍ជំនាញនិងច្បាប់ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

កិច្ចប្រជុំមានការចូលរួមពីលោក-នាយរងនាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្រ្តីមួយចំនួនទៀតផងដែរ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនិយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញក្នុងស្មារតីអង្គប្រជុំជាបន្តបន្ទាប់ ក្រោមប្រធានបទបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង ដែលបានប្រើប្រាស់នូវ ដាវកែច្នៃ និងកាំបិតវែង កាប់លើជនរងគ្រោះ និងសម្ភារផ្សេងៗ។

ក្រោយពីទទួលបញ្ជាដឹកនាំភ្លាមកម្លាំងជំនាញខណ្ឌដូនពេញ និងប៉ុស្តិ៍បានចុះអនុវត្តន៍រដ្ឋបាលពិនិត្យ តាមអាជីវកម្មកែច្នៃ កាំបិត ដាវ។ ជាលទ្ធផល គឺមានតែកន្លែងលក់កាំបិតបត់ខ្លីតូចៗ (ដោយពុំមានកន្លែងផលិតកៃច្នៃដាវឡើយ)។ ចំពោះមុខកម្លាំងបាននិងកំពុងពង្រឹង និងបន្តចុះពិនិត្យបន្ថែមជាប់ជាប្រចាំ នៅតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំង១១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ