សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការអ្នកបំផ្លាញធនធានធមុ្មជាតិ ថា «កុំចង់សាកល្បង កុំគិតថា រាជរដ្ឋាភិបាលថ្មី ក្មេងៗ មិនហ៊ានធ្វើអ្វី»
កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានចាត់វិធានការចំពោះអ្នកបំផ្លាញធនធានធម្មជាតិថា កុំចង់សាកល្បង កុំគិតថា រាជរដ្ឋាភិបាលថ្មី ក្មេងៗ មិនហ៊ានធ្វើអ្វី។
ការព្រមានចាត់វិធានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និង ជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស, រួមមានសម្បទានដីសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផល ដើម្បីទប់ស្កាត់ និង បង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ, ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និង ជាកន្លែងស្វែងរកចំណី។
សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ដៃគូអភិវឌ្ឍ បន្តចូលរួមជំរុញចលនា ដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និង ថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។ សម្តេចធិបតី បានថ្លែងថា កុំចង់សាកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ សម្តេច នឹងចាត់វិធានការគ្មានការលើកលែង៕EB