ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានស្នើអភិបាលរាជធានី ខេត្ត បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជា អ្នកជំងឺ និងគ្រួសារ ដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ឧសភា បានឲ្យដឹងថា ក្រសួងសុខាភិបាល បាននិងកំពុងជំរុញការផ្តល់ សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍ សុខភាព ដែលជាគ្រឹះ នៃការឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនាពេលអនាគត ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសនេះ ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែល តែងតែយកចិត្តទុកដាក់រក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រសួងសុខាភិបាល សូមឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឲ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយ ជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឲ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ