ក្រសួងទេសចរណ៍និងកីឡាថៃកែប្រែរយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេស មកត្រឹម ៣០ថ្ងៃ
ថៃ៖ ក្រសួងទេសចរណ៍និងកីឡាថៃបានឱ្យដឹងថា រយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃ ដើម្បីទប់ស្កាត់ហានិភ័យអាជីវកម្មខុសច្បាប់ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការនេះ។
លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃខណៈថ្លែងថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះខណះដែលបញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។លោកបាននិយាយថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃមក ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការស្ថិតក្រោមកម្មវិធីនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីខែកក្កដាឆ្នាំ២០២៤មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសធ្វើដំណើរមកកាន់ប្រទេសថៃសម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ដែលកើនឡើងពីប្រទេសចំនួន៥៧ នាពេលកន្លងមក។
ទោះជាយ៉ាងណា ប្រតិបត្តិករទេសចរណ៍បានសម្តែងការព្រួយបារម្ភលើរយៈពេលបន្ថែមដល់ ៩០ថ្ងៃនេះ ដោយសារភ្ញៀវទេសចរផ្លូវឆ្ងាយជាធម្មតាស្នាក់នៅជាមធ្យមត្រឹមតែពី ១៤ ទៅ ២១ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលភ្ញៀវទេសចរផ្លូវជិតចំណាយពេលតិចជាងពីរសប្តាហ៍ក្នុងពេលធ្វើដំណើរម្តង ឬប្រហែល ៧ថ្ងៃជាមធ្យម៕